| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119847
D119847
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ស្ដីពីការចុះស្រាវជ្រាវ ទីតាំងប្រល័យពូជសាសន៍នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីពីថ្ងៃទី ១៥-១៩, ២៦-២៩ ធ្នូ ១៩៩៩។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសាខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
15/12/1999
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam D119847 05/3/2025
|
|
Location of Doc / Book :
|
ខេត្តមណ្ឌលគិរី
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារវាយកុំព្យូទ័រ (tx)។ ឯកសារចំនួន ១០ទំព័រ។
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
1-របាយការណ៍ស្ដីពីការចុះស្រាវជ្រាវទីតាំងប្រល័យពូជនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីៈ
|
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
អ្នកសរុបរបាយការណ៍៖ ផេង ពង្សរ៉ាស៊ី
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ក្រុមការមជ្ឈមណ្ឌលឯកសារកម្ពុជា មួយក្រុមរួមមាន សឹម សុរិយ៉ា, វ៉ាប់ថាន់ ពៅដារ៉ា និងយិន នាន បានធ្វើដំណើតឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី។ ដោយបានចាកចេញពីមណ្ឌលគិរី មិនអំណោយផលដល់ការចុះយន្តហោះបាន អ្នកធ្វើដំណើរទាំងឡាយ ព្រមទាំងក្រុមស្រាវជ្រាវ បានធ្វើការចុះចតទៅព្រលានយន្តហោះដីក្រហមនាទីក្រុងបានលុង ខេត្តរតនគិរី។ គោលបបំណងនៃការចុះទៅដល់មូលដ្ឋាននៃខេត្តមណ្ឌលគិរី គឺដើម្បីស្វែងរកជួបអ្នកដែលបានដឹងរឿងរ៉ាវ ពិសេសអ្នកដែលឃើញព្រឹត្តិការផ្ទាល់ភ្នែកពីការសម្លាប់ ការធ្វើទារុណកម្មទៅលើជនរងគ្រោះ ម្យ៉ាងទៀតចង់ស្វែងយល់ពីមន្ទីរសន្តិសុខនាសម័យខ្មែរក្រហម កាន់អំណាច (១៩៧០-១៩៧៩ នៅខេត្តមណ្ឌលគិរី) និងស៊ើបសួរកន្លែងតំកល់អដ្ឋិធាតុផ្សេងៗ ដែលត្រូវបានប្រមែប្រមូលឆ្អឹងពីកន្លែងនានាក្នុងខេត្ត មកថែរក្សាទុកសម្រាប់ធ្វើការគោរពបូជាពីសំណាក់បុគ្គលិក ដែលធ្វើការនៅក្នុងខេត្តនាសម័យរដ្ឋកម្ពុជា។ នាថ្ងៃដដែល ក្រុមស្រាវជ្រាវមិនបានទៅណាទាំងអស់ ព្រោះពេលវេលាខ្លី បានត្រឹមពិភាក្សាគ្នាពីគោលដៅនាថ្ងៃស្អែក ១៦ ធ្នូ ១៩៩៩។ នៅលើផ្ទះសំណាក់លើភ្នំ ដែលស្ថិតនៅខាងលិចព្រលានយន្តហោះដីក្រហមខេត្តរតនគិរី។ ព្រលឹមថ្ងៃទី១៦-ធ្នូ-១៩៩៩ ក្រុមស្រាវជ្រាវបានធ្វើដំណើរចេញពីស្រុកបានលុង ខេត្តរនតគិរីតាមម៉ូតូពីរ ឆ្ពោះទៅកាន់ភូមិពាមជីមៀត ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ពេលទៅដល់ ក្រុមអ្នកស្រាវជ្រាវមានអារម្មណ៍តានតឹងបន្តិច ព្រោះមនុស្សចង់ជួបមិនរស់នៅក្នុងផ្ទះ បែរជានាំកូនទៅរស់នៅតាមវាលស្រែ-ចម្ការរបស់ខ្លួនដែលនៅតំបន់ឆ្ងាយ។ ប៉ុន្តែសំណាងល្អវិញ ក្រោយបន្តិចយើងក៏បានជួបជាមួយលោកអ៊ំ ចាន់ តូច ជាប្រជាជនរស់នៅក្នុងភូមិពាមជីមៀត ឃុំណងឃីលិន ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ចាន់ តូច អាំយុ៥២ឆ្នាំ មានស្រុកកំណើតនៅភូមិពាមជីមៀត ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជំនាន់ខ្មែរក្រហមឡើងកាន់អំណាច ចាន់ តូច រស់នៅក្នុងស្រុកកោះញែកនេះដែរ។ កាលពីជំនាន់ប៉ុល ពត ស្រុកកោះញែកស្ថិតនៅក្នុងតំបន់១០៥។ ហើយស្រុកស្រុកកោះញែកនេះមានឈ្មោះថា ស្រុករ១។ ក្រោយពីបានសំណេះសំណាលជាមួយគាត់មួយស្របក់មក យើងក៏បានសុំអនុញ្ញាតិពីគាត់ដើម្បីសាក់សួរពត៌មានខ្លះស្ដីពីជីវប្រវត្តិរបស់គាត់ ដែលជាប់គុកនៅនៅភ្នំក្រោលអស់រយៈពេលជិតពីរឆ្នាំ។ ចាន់ តូច បានរៀបរាប់ប្រាប់ថា មុនពេលខ្មែរក្រហមចាប់ខ្លួន បញ្ជូនចូលគុក គាត់ធ្វើជានិសាឲ្យអនុលេខាស្រុកកោះញែកឈ្មោះ រ៉ា។ រ៉ា មានជាឈ្មោះដើមហៅថា ខាំ តាន។ ចាន់ តូច បានបន្ថែមថា គាត់ធ្វើការកងការពារ និងជាអ្នកជានាំសំប្រុតពីរ៉ា ទៅឲ្យតា ហម ហៅតា ឡាំង។ គាត់នៅតែបន្តធ្វើការការនេះរហូតដល់ថ្ងៃដែលត្រូវចាប់ខ្លួន។ ចាន់ តូច ត្រូវបានចាំខ្លួនជាមួយឈ្មោះ ផាន ឃោន នៅខែ វិច្ឆកា ឆ្នាំ១៩៧៧ ក្រោមការចោទប្រកាន់ថា ជាប់ខ្សែស្រឡាយជាមួយតា ខាំ កូន។ ព្រោះតា កាំ និង សុត មានតួនាទីជាប្រធានការដ្ឋាន និង ជាប្រធានការដ្ឋាន និងជាដៃស្ដាំរបស់ប្រធានសន្តិសុខតំបន់១០៥ ឈ្មោះ ឡេង និង សុភា មកហៅឲ្យទៅប្រជុំនៅវេលាម៉ោង២រសៀល។ ការចាប់ខ្លួននេះធ្វើឡើងនៅក្នុងភូមិអូរបួនក្រោម ស្រុកកោះគែក ខេត្តមណ្ឌលគិរី។ ចាន់ តូច ជាប់គុកភ្នំក្រោលអស់រយៈពេលជិតពីរឆ្នាំក្នុងសម័យខ្មែរក្រហមពីឆ្នាំ ១៩៧៧-១៩៧៩។ គុកឆ្នាំក្រោលនេះពីដើម (១៩៧០-១៩៧៥) ជាមន្ទីរតំបន់១០៥ ហើយកន្លែងសម្រាប់ទទួលកម្មាភិបាលខ្មែរក្រហមមកស្នាក់នៅជាណ្ដោះអាសន្ននៅពេលមានការបញ្ជូនឲ្យមករៀនសូត្រ។ មន្ទីរនេះជាផ្ទះមួយខ្នងសង់ពីថ្ម (ជាន់ក្រោម និង ពីឈើ (ជាន់លើ)។ ជាន់លើសម្រាប់ឲ្យកម្មាភិបាលស្នាក់នៅ។ ចំណែកជាន់ក្រោមសំរប់រៀនសូត្រយោបាយ ឬបំពាក់បំប៉នដល់កម្មាភិបាលដែលមកស្នាក់នៅនាជាន់លើ។ លុះដល់ឆ្នាំ១៩៧៧ ពិសេសនៅខែវិច្ឆកា មន្ទីរនេះត្រូវផ្លាស់ប្ដូរទៅជាមន្ទីរសន្តិសុខប្រចាំតំបន់១០៥ ទៅវិញ ដោយមានឈ្មោះថា មន្ទីរសន្តិសុខភ្នំក្រោល។ ចំពោះការដាក់អ្នកទោសវិញ យោងតាមសំដីរបស់ចាន់ តូច និយាយថាមានការបែងចែកអ្នកទោសជាពីរផ្នែក។ ខ្មែរក្រហមយកទៅដាក់នៅជាន់លើ (ជាន់លើ) សង់ពីឈើ។ ចំណែកអ្នកទោសជាប្រជាជនធម្មតាដាក់នៅជាន់ក្រោម។ អ្នកទោសទាំងអស់ដែលជាប់នៅគុកភ្នំក្រោលមិនតំរូវឲ្យធ្វើការងារធ្ងន់ទេ តាមសំដីរបស់ចាន់ តូច ថាគ្រាន់តែឲ្យធ្វើការងារស្រាលៗ ដូចជាវាយក្រចៅ, បកក្រចៅសម្រាប់ត្បាយប៉ុណ្ណោះ។ ចំណែកការហូបចុកវិញ គឺបាយ និងសម្លល្ពៅ។ រហូតមកដល់បច្ចុប្បន្នមន្ទីរសន្តសុខភ្នំក្រោកសនេះ បានបន្សល់ទុកកំទេចឥដ្ឋ-ថ្មល្អិតៗ និងមានរូបភាពជាជញ្ជាំងថ្មខ្លះៗ ព្រមទាំងមានជណ្ដើរចាស់ទ្រឌទ្រោមមួយធ្វើពីថ្មផងដែរ។ ចាន់ តូចបំភ្លឺថា មានមន្ទីរសន្តិសុខមួយកន្លែងទៀត ដែលស្ថិតនៅជិតទំនប់ (មិនស្គាល់ឈ្មោះទំនប់ ហើយមិនដឹងស្ថិតនៅក្នុងភូមិ ឃុំ ស្រុកអីទេ) មានឈ្មោះថា មន្ទីរតាឡេង។ មន្ទីរនេះគ្រប់គ្រងដោយឈ្មោះ ឡេង តែម្ដង។ គុកនេះជាគុកដែលឃុំឃាំងអ្នកទោសត្រៀមយកទៅសម្លាប់ ហើយក៏ជាកន្លែងដែលឃុំឃាំងមនុស្សទុកយូរជាងដែរ។ ចំពោះការសម្លាប់មនុស្សវិញ ចាន់ តូច និយាយថាមានការដឹកអ្នកទោស (អ្នកធ្លាប់មានបុណ្យសក្ក័ធំៗ) តាមឡាននៅពេលយប់ចេញពីមន្ទីរភ្នំក្រោល នេះឆ្កោះទៅកាន់ទិសខាងលិច (ផ្លូវទៅកាន់ខេត្តក្រចេះ)។ ប៉ុន្តែមិនដឹងយកទៅសម្លាប់ ឬយកទៅកន្លែងណាផ្សេងទេ។ ចាន់ តូច បន្តថារហូតមកដល់ពេលនោះ (១៩៩៩) គាត់នៅតែពុំឃើញមានអ្នកទោសដែលដឹកតាមឡានទៅនោះ ត្រលប់មកកាន់លំនៅដ្ឋានកំណើតវិញសោះ។ តាមការប៉ាន់ស្មានរបស់ចាន់ តូច ថាប្រហែលជាត្រូវពួកខ្មែរក្រហមដឹកយកទៅសម្លាប់ពេលនោះបាត់ហើយ។ ចំណែកចាន់ តូច ត្រូវបានរួចខ្លួនមកវិញ ព្រោះខ្មែរក្រហមយល់ឃើញថា គាត់គ្មានជាប់ខ្សែជាមួយតា ហម តាមខាំ ភូន និងផាន ឃោន។ ម៉្យាងទៀតគាត់ជាប្រជាជនធម្មតា។ នេះសំដីរបស់ចាន់ តូច តែម្ដង។ ចំណែករណញដៅសាកសពដែលពួកខ្មែរក្រហមយកទៅសម្លាប់នៅស្រុកកោះញែនេះ លោកអ៊ំ ចាន់ តូច មិនបានប្រាប់ឡើយថានៅកន្លែងណាខ្លះ ព្រោះគាត់មិនបានដឹង។ ក្រុមស្រាវជ្រាវយើងមិនបាននៅបង្អង់យូរឡើយ គឺត្រូវរស់រានចាកចេញពីគេហដ្ឋានរបស់ចាន់ តូច ដើម្បីបន្ដដំណើររកជួបសាក្សីផ្សេងទៀត ដែលបានដឹករឿងរ៉ាវពីគុកភ្នំក្រោល។ នៅថ្ងៃទី១៨ ខែធ្នូ ១៩៩៩ ក្រុមយើងបានស្វែងរកជួបឈ្មោះ នេត សាវ៉ាត ដែលជាប្រជាជនរស់នៅក្នុងភូមិពាមជីមៀង ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នេត សាវ៉ាត មានឈ្មោះដើមថា នេតថា អាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅប្រទេសឡាវ។ នេត សាវ៉ាត មករស់នៅប្រទេសខ្មែរតាំងពីអាយុ១០ឆ្នាំមកម្លេះ។ កាលនោះខ្ញុំបានមករស់នៅភូមិពាមជីមៀត ឃុំណងឃីលិក រហូតមក។ សព្វថ្ងៃ នេត សាវ៉ាត ជាអនុប្រធានឃុំណងឃីលិក។ នេត សាវ៉ាត ក៏ធ្លាប់ជាមនុស្សធ្លាប់បានជាប់គុកនៅភ្នំក្រោលដែរ។ មុនពេលពួកខ្មែរក្រហមចាប់ខ្លួនគាត់ គាត់មានតួនាទីកាន់ខាងសេដ្ឋកិច្ចតំបន់ពីឆ្នាំ១៩៧០-១៩៧៥។ លុះឆ្នាំ១៩៧៩ គាត់ត្រូវពួកខ្មែរក្រហមចាប់ខ្លួន យកទៅដាក់នៅមន្ទីរឃុំឃាំងភ្នំក្រោលតែម្ដង។ សាវ៉ាត បានរៀបរាប់យើងនូវព្រឹត្តិការទាំងឡាយ ដែលបានកើតមានឡើងចំពោះខ្លួន ឲ្យយើងបានស្លាប់ តែមានអត្តន័យស្ទើរតែដូចគ្នាទាំងស្រុងជាំមួយលោកអ៊ំ ចាន់ តូចដែរ។ ប៉ុន្តែ សាវ៉ាត បានបន្ថែមពីលើអ្វីដែលលោកអ៊ំ ចាន់ តូច បាននិយាយថា ចំពោះអ្នកទោសដែលជាប់នៅជាន់លើ គឺត្រូវបានពួកខ្មែរក្រហមដាក់ខ្នោះកជើងទាំងអស់ជាមួយនឹងខ្នោះ ដែលធ្វើឡើងពីឈើ (៥x៥ហ៊ុន)។ ចំណែកអ្នកទោសនៅជាន់ក្រោមវិញ ត្រូវបានខ្មែរក្រហមចងជើងទាំងសងខាងភ្ជាប់ក្នា និងចងស្លាបសេក។ ក្នុងករណីឈឺបត់ដៃ បត់ជើង ពួកខ្មែរក្រហមបានបណ្ដើរអ្នកទោសទាំងនោះទៅដោយស្រាយចំណងជើងចេញ។ ពេលត្រល់មកវិញចងទៀត។ ចំណែកការងូតទឹក សាវ៉ាត បានបញ្ជាក់ថាមានចំនួនពី៧-១០ថ្ងៃ។ ទើបពួកខ្មែរក្រហមអនុញ្ញាតិឲ្យងូតទឹកម្ដង។ ពេលងូតទឹកក៏ត្រូវបណ្ដើរដែរ។ អ្នកទោសត្រូវបានដោះលែងចំណងទាំងអស់ចេញពីខ្លួននៅពេលណាដែលបានទៅដល់មាត់កំពង់ទឹកហើយ។ បន្ទាប់ពីងូតទឹករួចត្រូវដាក់ខ្នោះបណ្ដើរមកវិញ។ សាវ៉ាត បានបន្ថែមពីស្ថបភាពគុកភ្នំក្រោលប្រាប់យើងបន្តថា គុកភ្នំក្រោលនេះបានសងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៧៥ សង់ណីថ្ម (ជាន់ក្រោម) និងពីឈើ (ជាន់លើ) មានដំបូលប្រកស័ង្កសី។ ជាន់លើមាន១០បន្ទប់ មានផ្លូវមួយចំណ្ដាលដោយបានពុះចែកបន្ទប់ជា៥អមសងខាងផ្លូវ។ ជាន់ក្រោមគ្មានលក្ខណៈជាបន្ទប់ដេកទេ គឺជាបន្ទប់សម្រាប់រៀនសូត្រ។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៩ ក្រុមយើងបានជួបសម្ភាសន៍ជាមួយលោក ប៊ុន ឡឹងជយ ជាអនុប្រធានមន្ទីរពត៌មានខេត្ត ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិដោះក្រមុំ ឃុំសុខដុម ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប៊ុន ឡឹងជយ ជាអនុប្រធានមន្ទីរពត៌មានខេត្តដែលមានទីលំនៅបច្ចុប្បន្ននៅភូមិដោះក្រមុំ ឃុំសុខដុម ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅឆ្នាំ១៩៧៧ គាត់ត្រូវពួកខ្មែរក្រហមចាប់មកដាក់នៅមន្ទីរសន្តិសុខស្រុកកោះញែក ដោយចោទប្រកាន់ថាខ្សែក្បត់។ មន្ទីរសន្តិសុខនេះមានទីតាំងស្ថិតនៅចំសាលាស្រុកកោះញែកនាពេលបច្ចុប្បន្ន។ មន្ទីរនេះមានទីធ្លាធំ ប៉ុន្តែគ្មានបានសង់ជាលក្ខណៈផ្ទះល្វែង ឬផ្ទះធំៗអីទេ គឺសង់ជាខ្ទមតូចៗ។ តាមសំដីរបស់ ឡឹងជយ ថាមន្ទីរនេះអចដាក់អ្នកទោសបានដល់ពី២-៣ រយនាក់។ បន្ថែមថាអ្នកដែលបានមកជាប់នៅទីនេះសុទ្ធតែត្រូវដាក់ខ្នោះជាប់២៤ម៉ោង។ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៩ ក្រុមស្រាវជ្រាវបានបន្តដំណើរឆ្ពោះទៅកាន់ទីតាំងសម្លាប់ដែលស្ថិតនៅក្នុងភូមិព្រៃ ឃុំស្រែសង្គម ដើម្បីពិនិត្យមើលភស្ដុតាជាក់ស្ដែង ព្រមទាំងចង់ចុចយករយៈទទឹង និង រយៈបណ្ដាយនាកន្លែងនោះផងតាមរយៈម៉ាស៊ីន GPS។ ដោយខ្លាចពីបញ្ហាសុវត្ថិភាពតាមផ្លូវ និង ម្យ៉ាងចង់បានអ្នកស្គាល់ក្នុងការនាំផ្លូវផង ក្រុមយើងបានទៅជួបលោកអធិការរងប៉ូលីសស្រុកដើម្បីឲ្យគាត់នាំផ្លូវ ព្រោះគាត់ស្គាល់កន្លែងនោះច្បាស់។ លោកអធិការរូបនោះឈ្មោះ ចក់ ភឿន។ ចក់ ភឿន មិនត្រូវបានធ្វើការសម្ភាសន៍ឡើយ គ្រាន់តែជាអ្នកនាំផ្លូវប៉ុណ្ណោះ។ ចក់ ភឿន ត្រូវបានក្រុមឯកសារយើងថតទុកនៅពេលដែលគាត់កំពុងឈរនៅចុងជណ្ដើរជាងគេ (រូបភាពពាក់មួកស និង ពាក់អាវងារធំ) ដែលមានភ្ជាប់ជាមួយឯកសារដែលកត់ត្រាដោយម៉ាស៊ីន GPS នៅមន្ទីរគុកភ្នំក្រោល ដែលបន្សល់ទុកតែជណ្ដើរដ៏ទ្រឌទ្រោមមួយនោះ។ យោងទៅតាមម៉ាស៊ីនកត់ត្រាGPS កន្លែងមន្ទីរសន្តិសុខភ្នំក្រោលនេះមានរយៈទទឹង១៣ ០៥០៤៧០ និងរយៈបណ្ដាយ ១០៧ ០១ ១៥៧៥។ នាថ្ងៃដដែលនោះ ក្រុមស្រាវជ្រាវយើងមានសឹម សុរិយ៉ា និង រ៉ាន់ថាន់ ពៅតារ៉ា ព្រមទាំងអ្នកនាំផ្លូវ ចក់ ភឿន បានជួបជាមួយប្រជាជនម្នាក់ដែលកំពុងតែធ្វើស្រែឈ្មោះ សល់ រ៉ា នៅពាក់កណ្ដាលផ្លូវ។ សល់ រ៉ា អាចធ្វើជាអ្នកនាំផ្លូវទី២ សម្រាប់ក្រុមស្រាវជ្រាវយើងក្នុងការរុករកកន្លែងសម្លាប់មនុស្សនៅភូមិព្រៃ ឃុំស្រែសង្គម ឬ ហៅត្រពាំងតឿន។ ម្យ៉ាងទៀតគាត់ អាចធ្វើជាសាក្សីបំបភ្លឺនូវព្រឹត្តិការណ៍សម្លាប់មនុស្សកន្លែងនោះ (ត្រពាំងតឿន) ដល់ក្រុមយើងផងដែរ។ ឆ្លៀតឧកាសនោះ យើងក៏បានធ្វើការសម្ភាសន៍ជាមួយគាត់តែម្ដង។ កិច្ចសម្ភាសន៍មានដូចខាងក្រោមៈ
ឈ្មោះ សល់ រ៉ា អាយុ៥០ឆ្នាំ ភេទប្រុស ជនជាតិព្នង មានទីលំនៅបច្ចុប្បន្ននៅភូមិ៧ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សល់ រ៉ា មានស្រុកកំណើតនៅភូមិ-ឃុំឈ្នសង ស្រុកស្នួល ខេត្តក្រចេះ។ គាត់បានបន្ត គុកដែលធំជាងគេនៅក្នុងស្រុកកោះញែកនេះ គឺមានតែគុកភ្នំក្រោលមួយនេះទេ។ គុកនេះមានឃុំឃាំងមនុស្សច្រើន ទាំងប្រជាជនស្លូតត្រង់ ទាំងទាហានខ្មែរក្រហមផងដែរ។ សំដីរបស់សល់ រ៉ា ថាកន្លែងដែលពួកខ្មែរក្រហមយកអ្នកទោសពីភ្នំក្រោលទៅសម្លាប់នោះ មានឈ្មោះត្រពាំងតឿន។ មន្ទីរសន្តិសុខក-១១នេះ មន្ទីរទី៣ ដែលក្រុមយើងបានឮ និងបានស្ដាប់តានរយៈការបរិយាយ សល់ រ៉ា។ មន្ទីរក-១១ និងមន្ទីរភ្នំក្រោល គ្រាន់តែជាកន្លែងឃុំឃាំងមនុស្សប៉ុណ្ណោះ ចំណែកការសម្លាប់មនុស្សវិញ គឺត្រូវយកមកសម្លាប់ប្រមូលផ្ដុំគ្នានៅត្រពាំងតឿន ទាំងអស់។ សល់ រ៉ា បានបន្ថែមថាមានរណ្ដៅមួយធំ ដែលមានបណ្ដោយ១៥ម៉ែត្រ និងទទឹង៤ម៉ែត្រ (មិនដឹងជំរៅ)។ អ្នកទោសដែលយកមកសម្លាប់នៅ ត្រូវវបានដឹកមកទាំងឡានៗ ក្នុងនោះមានទាំងក្មេង,ចាស់,ជំទង....។ យោងតាមសំដីរបស់សល់ រ៉ា ថាទៅតាំងសម្លាប់នោះស្ថិតនៅតាមដងផ្លូវទៅកាន់ខេត្តក្រចេះ មានចំងាយ៤ គីឡូម៉ែពីមន្ទីរស្រុកកោះញែក។ ជាលទ្ធផលនៃការចុះស្រាវជ្រាវរកមន្ទីរាសន្តិសុខ, ទីតាំងរណ្ដៅសាកព, បូជនីយដ្ឋាននៅក្នុងខេត្តមណ្ឌលគិរី ជាពិសេសនៅស្រុកកោះញែក គឺអាចនិយាយបានថាទទួលបានលទ្ធល្អ ថ្វីត្បិតតែក្រុមយើងប្រើប្រាស់រយៈពេលខ្លីក្នុងការស្រាវជ្រាវក៏ដោយ។ ប៉ុន្តែអ្វីដែលជាការតបស្នងមកវិញនោះគឺយើងបានរកឃើញមន្ទីរសន្តិនភ្នំក្រោល, មន្ទីរសន្តិសុខក-១១ ដែលជាកន្លែងឃុំឃាំងមនុស្សគ្រប់ប្រភេទ ទាំងអ្នកដែលធ្លាប់មានឋានៈ ទាំងប្រជានជាពិសេសទាំងទាហានរបស់ពួកខ្មែរក្រហមខ្លួនទៀត។ យ៉ាងណាមិញ ចំពោះរណ្ដៅសាកសព យើងបានរកឃើញមួយកន្លែងដែលស្ថិតនៅក្នុងភូមិព្រៃ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កន្លែងងនោះហៅថាត្រពាំងតឿន។ ចំណែកសាក្សីដែលយើងបានជួប សុទ្ធសឹង្ខតែជាមនុស្សសំខាន់ ដែលបានដឹងរឿងរ៉ាវពិតប្រាកដតាមរយៈការធ្លាប់ឆ្លងកាត់ដោយផ្ទាល់ ពិសេសសុទ្ធតែជាអ្នកដែលធ្លាប់ជាប់ក្នុមន្ទីរឃុំឃាំងទាំងពីខាងលើ។ នេះជាលទ្ធផលការងារមួយដែលក្រុមយើងបានទទួលក្នុងពេលបំពេញបេសកកម្ម។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងក៏បានជួបនូវឧបសគ្គខ្លះៗ ក្នុងការស្វែងរកជួបសាក្សីដូចជាសន្តិសុខ ផ្លូវធ្វើដំណើរ មិនសូវស្គាល់ភូមិសាស្រ្ត។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”