Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119554
D119554
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍សង្ខេបសម្រាប់ការងារកោសល្យវិច័យឆ្អឹងនៅខែសីហា ឆ្នាំ២០០៣។
ភាសាឯកសារ / សៀវភៅ :
ភាសារខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
អង្គភាពធ្វើបញ្ជីឯកសារ :
មជ្ឃមណ្ឌលឯកសារកម្ពុជា/ 20/3/2025
ទីកន្លែងរក្សាទុកឯកសារ :
មជ្ឃមណ្ឌលឯកសារកម្ពុជា
ផ្ទៀងផ្ទាត់ :
មជ្ឃមណ្ឌលឯកសារកម្ពុជា
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា
ភិនភាគឯកសារ :
ឯកសារវាយកំុព្យូទ័រ(tx), ឯកសារចំនួន១១ទំព័រ។
កំណត់ចំណាំព័ត៌មាន
កំណត់សម្គាល់មាតិកា :
ទីតាំងសម្លាប់ និង​មន្ទីរសន្តិសុខ។
កំណត់ចំណាំកន្លែង
កំណត់សម្គាល់ទូទៅ :
កាសល្យវិច័យឆ្អឹង
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
កំពង់ចាម វិទ្យាល័យស្រីសន្ធរ(មន្ទីរសន្តិសុខ និងទីតាំងសម្លាប់) វិទ្យាល័យស្រីសន្ធរគឺជាមន្ទីរសន្តិសុខរបស់ខ្មែរក្រហមតាំងពីឆ្នាំ១៩៧៣ គឺបន្ទាប់ពីស្រុកស្រីសន្ធរត្រូវធ្លាក់ក្នុងការកាន់កាប់របស់ខ្មែរក្រហម។ ជនរងគ្រោះដែលជាទាហានឈ្លើយសឹកនៃរបបសាធារណៈរដ្ឋខ្មែរជាច្រើននាក់បានក្លាយជាអ្នកទោសនៅមន្ទីរសន្តិសុខនេះ។ ពីឆ្នាំ១៩៧៥រហូតដល់ថ្ងៃរំដោះទី៧ ខែមករា ឆ្នាំ១៩៧៩ មន្ទីរសន្តិសុខនេះត្រូវស្ថិតនៅក្នុងភាពទំនេរ ព្រោះបន្ទាប់បីថ្ងៃជ័យជំនះទាំងស្រុងរបស់ខ្មែរក្រហមនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥មក មន្ទីរសន្តិសុខនៅវិទ្យាល័យស្រីសន្ធរត្រូវផ្លាស់ប្តូរទៅកាន់កន្លែងផ្សេង។ ក្នុងអំឡុងពេលកាន់កាប់(១៩៧៣-៧៥) របស់ខ្មែរក្រហមមានជនរងគ្រោះជាច្រើននាក់បានស្លាប់យ៉ាងវេទនានៅបរិវេណខាងក្រោយមន្ទីរ។ រហូតមកដល់សព្វថ្ងៃនេះ ពុំមានការបញ្ចប់ណាមួយពីរឿងជីកគាស់រណ្តៅទាំងនោះរកមាស ឬវត្ថុផ្សេងឡើយ។ ទៀង អូន អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ ដែលបច្ចុប្បន្នជាជាងម៉ាស៊ីនបានសន្និដ្ឋានថាមានចំនួនសាកសពប្រមាណ៥០០នាក់បានស្លាប់នៅក្នុងរណ្តៅជាច្រើននៅប៉ែកខាងក្រោយជាប់នឹងរបងវិទ្យាល័យ។ ឡពាង(ទីតាំងសម្លាប់) ឡពាងបានក្លាយជាទីតាំងសម្លាប់មនុស្សក្នុងចន្លោះពេលនៃការកាន់កាប់របស់ខ្មែរក្រហមឆ្នាំ១៩៧៥-១៩៧៩។ ការសម្លាប់នៅនឹងទីតាំងនេះត្រូវបានប្រព្រឹត្តឡើងរហូតដល់ឆ្នាំ១៩៧៩ ដែលពេលនោះគឺជាការកាន់កាប់របស់ខ្មែរក្រហមខាងភូមិភាគនិរតី។ វ៉ាន់ ឌិន អាយុ៥៨ឆ្នាំ រស់នៅភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ បានជួបប្រទះឃើញមានឆ្អឹងមួយចំនួនជាប់មងរបស់គាត់ នៅពេលដែលគាត់លើកមងរបស់គាត់រកត្រីនោះ។ វ៉ាន់ឌិន និយាយបន្តថា គាត់បានរាយមងរបស់គាត់នៅតាមដងទន្លេដែលស្ថិតនៅជាប់នឹងមាត់ច្រាំងទន្លេកាលពីដីច្រាំងទន្លេមិនទាន់បាក់ស្រុតមកក្នុងទឹកទន្លេ។ ការបាក់ច្រាំងទន្លេបានកើតឡើងជារៀងរាល់ឆ្នាំនារដូវទឹកឡើង។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក៏មានប្រភពអះអាងថានៅមានរណ្តៅជាច្រើនទៀតដែលពុំទាន់បានគាស់ និងកំពុងត្រូវបានដាំដើមចេកពីលើ។ ស្រុកកំពង់សៀម ទីតាំងគោកព្រីង(ឃុំវិហារធំ) មានសាកសពប្រហែល២៥០០នាក់ បានកប់នៅនឹងរណ្តៅពី៥០-៧០រណ្តៅនៃទួលគោកព្រីង។ កាក់ ស្រឿន បាននិយាយថា សាកសពគឺជាប្រជាជនចម្រុះទាំងក្មេង ចាស់ ប្រុស ស្រី។ ភាពក្រហេងក្រហូងនៃរណ្តៅទាំងអស់បានក្លាយជាការងាយចាំ និងងាយចាប់នូវចំនួនរណ្តៅ។ ពុំមានការបញ្ជាក់ពីការគាស់រណ្តៅទាំងនោះឡើយ។ ចំណែកឯវត្តដែលស្ថិតនៅក្បែរទួលនេះក៏ពុំមានដាក់តម្កល់ឆ្អឹងសាកសពដែរ។ កំពង់ឆ្នាំង ព្រៃខ្មោច(ទីតាំងសម្លាប់) ព្រៃខ្មោចជាព្រៃមួយដែលគ្មានមនុស្សរស់នៅ ហើយស្ថិតនៅឆ្ងាយដាច់ស្រយាលពីភូមិដែលគ្មានប្រជាជនរស់នៅ។ ទីតាំងនេះស្ថិតនៅក្នុងភូមិអូរលាច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ការធ្វើដំណើរទៅកាន់ទីតាំងព្រៃខ្មោចមិនមែនងាយស្រួលឡើយគឺ ត្រូវឆ្លងកាត់អូរ ព្រៃរបោះ និងផ្លូវពិបាក។ កាលពីជំនាន់សង្គមរាស្រ្តនិយម និងលន់ នល់ ព្រៃនេះគឺជាព្រៃសម្រាប់កប់ខ្មោចប្រជាជនដែលបានស្លាប់ ដោយសារជំងឺ ឬឧបត្ថវហេតុផ្សេងៗ។ លុះមកដល់សម័យខ្មែរក្រហម ព្រៃនេះក៏នៅតែជាកន្លែងដែលកប់ខ្មោចដដែល។ ប៉ុន្តែបច្ចុប្បន្ននេះ គឺជាព្រៃដែលបោះបង់ចោលគ្មានមនុស្សរស់នៅ។ ប្រធានភូមិអូរលាចឈ្មោះ អ៊ុក ម៉េត គ្រាន់តែប្រាប់ថាមានចំនួនលើសពី​៥០នាក់ ព្រោះពេលដែលគាត់បានទៅឃើញការគាស់នៅឆ្នាំ១៩៨១គឺ មានចំនួនប៉ុណ្ណោះមែន ប៉ុន្តែការគាស់នេះនៅមិនទាន់អស់នៅ​ឡើយ​ទេ។ អ៊ុក គឿន អាយុ​៣៩ឆ្នាំ ជាប្រជាពលរដ្ឋនៅក្នុងភូមិអូរលាច ឃុំបន្ទាយព្រាល បានប្រាប់ខ្ញុំថាគាត់បានចូលរួមគាស់រណ្តៅសាកសពមួយក្នុងចំណោមរណ្តៅទាំងជាង១០ដែលបានគាស់។ បន្តិចក្រោយមក គឿន បានក្លាយទៅជាអ្នកដឹកជញ្ជូនឆ្អឹងទៅវិញ។ អដ្ឋិធាតុដែល គឿន បានដឹកជញ្ជូននោះគឺបានដឹកយកទៅតម្កល់ទុកនៅក្នុងបន្ទាយទាហានមួយដែលស្ថិតនៅក្នុងភូមិអូរលាច។ អដ្ឋិធាតុទាំងនោះគឺមានចំនួន៣រទេះគោ។ គឿន បានដឹកអដ្ឋិធាតុទាំងនេះដោយផ្ទាល់។ គឿន បានប្រាប់ថាគឺជាអដ្ឋិធាតុជនរងគ្រោះដែលបានស្លាប់ក្នុងឆ្នាំ១៩៧៧-៧៨។ ចំពោះការបញ្ជូនមនុស្សមកសម្លាប់នៅទីតាំងព្រៃខ្មោចនេះ បានត្រូវរាយការណ៍ប្រាប់ពីឈ្មោះ នុង គួ អាយុ៦៣ឆ្នាំ ជាសមាជិកក្រុមបឹ្រក្សាឃុំ​បន្ទាយព្រាលថា បានយកមកពីមន្ទីរសន្តិសុខមួយកន្លែងដែលស្ថិតនៅចម្ងាយប្រហែលមួយគីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងសម្លាប់ប៉ែកខាងត្បូង។ មន្ទីរសន្តិសុខនោះគឺ ជាមន្ទីរសន្តិសុខប្រចាំឃុំបន្ទាយព្រាលដែលមានឈ្មោះថា គុក អូរលាច។ ទីតាំងសម្លាប់នេះមិនបានបន្សល់ទុកនូវអ្វីដែលជាភស្តុតាងឡើយ នៅក្រោយថ្ងៃរំដោះទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រៅពីភាពក្រហេងក្រហូងនៃរណ្តៅដែលបានបាក់ស្រុត បន្ទាប់ពីសាកសពបានទ្រោមរឡេះរលួយសាច់អស់ទៅ។ នៅក្នុងទំហំប្រមាណ២០០ម៉ែត្របួនជ្រុងនៃបរិវេណព្រៃខ្មោចគឺជាទីតាំងសម្លាប់របស់ខ្មែរក្រហម។ ក្រោយការគាស់រណ្តៅសាកសពនៅឆ្នាំ១៩៨១ ដែលមានចំនួនជាង១០រណ្តៅនេះទៅ នៅមានរណ្តៅជាច្រើនទៀតដែលមិនទាន់បានគាស់។ បាត់ដំបង នៅម៉ោង១៧ខ្វះ១៤នាទី ក្រុមស្រាវជ្រាវឯកសារបានទៅដល់មណ្ឌលឧក្រិដ្ឋកម្ម វត្តឯកភ្នំ ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង់ ចម្ងាយ៧គីឡូម៉ែត្រពីសាលាខេត្ត។ ទីតាំងនេះមាន១-គុក និងសន្តិសុខ ២-កន្លែងសម្លាប់(មុខវត្តឯកភ្នំ) ៣-សារៈមន្ទីរគ្មាន។ ទៅដល់ទីនោះយើងបានជួបសាក្សីឈ្មោះ ឃុត នួន អាយុ៧៣ឆ្នាំ អាចារ្យវត្តឯកភ្នំ គាត់រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ភូមិ ឃុំ ដូចគ្នា គាត់ជាប្រជាជនពីមុន ឥឡូវអាចារ្យវត្តឯកភ្នំ។ គាត់បានដឹងថាវត្តឯកភ្នំនេះជំនាន់ ប៉ុល ពត ពួកឃាតករ​ ប៉ុល ពត យកធ្វើសន្តិសុខ គុក និងកន្លែងសម្លាប់មុខវត្ត៣០០ម៉ែត្រ នៅចម្ការក្រូចដីមួយហិចតាបួនជ្រុង រណ្តៅពេញធ្វើឲ្យដើមក្រូចងាប់ ដោយសារជាតិប្រៃ ខ្មោចច្រើនពេញចម្ការ។ ប្រភេទជនរងគ្រោះ ស្លាប់នៅទីនោះគឺ អ្នកជម្លៀសចេញពីទីក្រុង ឆ្នាំ១៩៧៥​-៧៦ និងអ្នកខុសសីលធម៍គឺ ដើរលួចស៊ី ដើម្បីរស់បំបាត់ការស្រេកឃ្លាន ក្រៅពីនេះយកពីតំបន់៤មកដាក់ទីនេះ រួចសម្លាប់។ នៅទីនោះពួក ប៉ុល ពត យកព្រះវិហារជាគុក សាលាឆាន់ជាគុក ឯកន្លែងពួកវាស្នាក់នៅស្ថិតនៅខាងក្នុងភូមិ និងប្រាសាទ។ សន្តិសុខ និងគុក កន្លែងសម្លាប់ទីនេះបង្កើតឡើងពីឆ្នាំ១៩៧៥-៧៦-៧៧រហូតឆ្នាំ១៩៧៨ សម្លាប់៣ឆ្នាំ។ គាត់ប៉ាន់ស្មានរណ្តៅប្រហែល២០០រណ្តៅក្នុងបរិវេណ និងក្នុងចម្ការក្រូចពេញ។ សាក្សីទី២ឈ្មោះ ញឹម រ៉ាន់ អាយុ៦៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិគស់ហាស ឃុំពាមឯក ស្រុកខេត្ត ដូចសាក្សីទី១ដែរ។ គាត់ដឹងថា ទីនោះមានក្មេងចាស់ ប្រុស ស្រី ចម្រុះ គេដឹកយកមកពីគ្រប់មជ្ឈដ្ឋានដាក់ទីនោះ រួចសម្លាប់ទាំងអស់គ្មានសល់ឡើយ។ ព្រៃផ្សៃបំផុត សម្លាប់រួច ចងផ្អែកគល់អំពិលដាក់បារីឲ្យបៀមមាត់ បញ្ឈរគល់អំពិល។ ព័ត៌មានផ្សេងៗដូចសាក្សីទី១ដែរ។ ថ្ងៃទី២ ខែ៥ ឆ្នាំ៩៧ ចប់ការងារម៉ោង១៨:០០នៅវត្តឯកភ្នំនោះ។ ខេត្តកំពត កន្លែងពិឃាត ព្រៃតាគុយ ឋិតក្នុងភូមិតំណាក់ក្រសាំង ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ចម្ងាយពីគុកប្រហែលមួយគីឡូម៉ែត្រ។ ទីតាំងនេះពីមុនព្រៃឫស្សីព័ទ្ធជុំវិញត្រពាំងកណ្តាល រណ្តៅជុំវិញត្រពាំងក្នុងត្រពាំងបរិវេណសម្លាប់៥០ម៉ែត្រ ទៅ៦០បួនជ្រុង ពោរពេញទៅដោយរណ្តៅ អ្នកជាប់គុកបានជីករាល់ថ្ងៃ អ្នកជាប់មុនជីកទុកតៗគ្នា ជីករួចពួកឃាតករសម្លាប់។ ទីតាំងសម្គាល់បច្ចុប្បន្ន មានដើមត្នោតមួយដើម ដើមក្រសាំង ៣ដើម និងទួលសងខាងត្រពាំងកណ្តាល ជនរងគ្រោះសម្លាប់ទីនេះចាប់វាយពីម៉ោង៤ល្ងាច រហូតទល់ភ្លឺកំណត់មួយយប់សម្លាប់២៥០នាក់។ ព័ត៌មានបន្ថែម ព័ត៌មានរៀបរាប់ខាងលើនេះបានពិនិត្យផ្ទាល់របស់យើង ក្រុមស្រាវជ្រាវយើងបានដឹងពីសាក្សីឈ្មោះ ទី១ លោកតា ទេព ប៉ាន អាយុ៦៨ឆ្នាំ ជាអាចារ្យវត្ត ពីមុនគាត់បានដឹងដោយសារបងគាត់ជាប់គុក នៅគុក ភូមិឫស្សីជុំនេះ។ សាក្សីទី២ ឌុក ជន់ អាយុ៧២ឆ្នាំ សម័យ ប៉ុល ពត នៅភូមិតាម៉ន(ឫស្សីជុំ) ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ក្រោយឆ្នាំ១៩៧៩ នៅភូមិឃុំស្រុក ខេត្ត ដូចពីមុន​ គាត់ជាសាក្សីដ៏សំខាន់ ជាប្រជាជនបានឃើញផ្ទាល់នឹងភ្នែករាល់ៗថ្ងៃ គេបណ្តើរបងប្អូនជនរងគ្រោះទាំងខ្សែៗ យកមកដាក់គុក ហើយសម្លាប់រាល់យប់ រយៈពេលមុនឆ្នាំ១៩៧៥គឺ ១៩៧៤-១៩៧៥ ទល់ឆ្នាំ១៩៧៨-១៩៧៩​។ ប្រភេទជនរងគ្រោះសម្លាប់នៅព្រៃតាគុយនេះ គុកដូចជំរាបនេះមានៈ - មុនឆ្នាំ​១៩៧៥ គឺឆ្នាំ១៩៧៣-៧៤ សម្លាប់មួយៗបណ្តើរៗ អ្នកមូលដ្ឋានបដិវត្តន៍កម្មាភិបាល ឬមន្រ្តីរ៉ឺត្រែត អ្នកមានបងប្អូន ធ្វើការនៅទីក្រុង វាចោទថា គេញខ្មាំងបង្កប់។ សម្លាប់ពីឆ្នាំ១៩៧៥ ពួក១៧មេសា , ពួកមន្ត្រីរដ្ឋការស៊ីវិល ទាហាន ប៉ូលីស ប៉េអ៉ឹម គេញ គយ។ល។ អ្នកជម្លៀសចេញពីក្រុង។ បន្តពីឆ្នាំ១៩៧៦-៧៧-៧៨ សម្លាប់ខ្លាំងបំផុតគឺ ឆ្នាំ១៩៧៨ អ្នកស្លាប់ទីនោះទាំងគ្រួសារៗ ហើយចម្រុះ មានខ្មែរ ចិន យួន ចាម និងពួកអ៉ឺរ៉ុប ខ្លះទៀតផងមានខ្មែរកម្ពុជាក្រោមផងដែរ។ អំពើទារុណកម្ម តាមការបំភ្លឺរបស់សាក្សី គាត់បានប្រាប់យើងថា ចងព្យួរក យោលរួចវាយ ចងជើងឡើងក្បាលចុះក្រោម(ពេលសួរចម្លើយ)។ មួយចំនួនទៀតចងកអូសតាមសេះ (អ្នកខ្លះស្លាប់កំពុងអូស)។ អំពីរណ្តៅ យើងបានពិនិត្យ និងតាមការបំភ្លឺសាក្សី ពេលគាត់ឃើញផ្ទាល់គេគាស់យកមាស ឆ្នាំ១៩៧៩-១៩៨០ រណ្តៅធំៗ ៥៤នាក់ ក្មេង ចាស់ ប្រុស ស្រី, រណ្តៅធំខ្លះទៀត១៣៥នាក់ មានរណ្តៅខ្លះ សុទ្ធតែស្រីៗ ស្រាតទាំងអស់ ដូច្នេះគុកដាក់ស្រីៗ ពួកវាសម្លាប់សុទ្ធតែស្រីៗគឺ ជាការពិត។ រណ្តៅសរុប១៣៦គិតរណ្តៅធំៗ តូចៗមិនទាន់គាស់ នេះព្រៃតាគុយ ជនរងគ្រោះស្លាប់មានប្រហែល​៣២០៤៧នាក់។ ខេត្តកណ្តាល វត្តខ្នុររកា ស្ថិតនៅក្នុងភូមិខ្នុររកា ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល។ មានរណ្តៅសាកសពច្រើនណាស់ដែលពុំទាន់បានគាស់យកឆ្អឹងមកដាក់តម្កល់។ រណ្តៅទាំងតូចធំត្រូវគ្របដណ្តប់ដោយរុក្ខជាតិនានាក្នុងពេលបច្ចុប្បន្ននេះ។ នៅរដូវវស្សាទឹកជំនន់អាចលិចអស់មួយចំនួននៃរណ្តៅ និងខ្លះទៀតមិនទទួលការរាតត្បាតពីទឹកជនន់ឡើយ។ ប៉ុន្តែចំពោះការធ្វើដំណើរ គឺចាំបាច់ត្រូវតែឆ្លងទឹក។ នៅជុំវិញបរិវេណវត្ត គឺជារណ្តៅតូច និងរណ្តៅធំដែលពោរពេញទៅដោយសាកសពយ៉ាងច្រើន។ យោងតាមរបាយការណ៍ពីឆ្នាំ១៩៩៩ ថាមានរណ្តៅចំនួន១ដែលផ្ទុកសាកសពបាន១៦នាក់ មិនទាន់ត្រូវបានគាស់កកាយទេ ហើយជាកន្លែងដែលមិនលិចទឹកជំនន់ផង។ ទីតាំងនេះស្ថិតនៅចម្ងាយ៤០ម៉ែត្រពីផ្ទះប្រជាជនប៉ែកខាងជើងវត្តខ្នុររកា។ ចំណែកទីតាំងត្រពាំងតាចាប ក៏មានរណ្តៅច្រើនណាស់ដែរ ហើយមានកប់សាកសពរាក់ៗផង។ ទីតាំងនេះក៏មិនទាន់មាននរណាម្នាក់មកគាស់កកាយដែរ។ ខេត្តបន្ទាយមានជ័យ នៅភូមិភ្លាក់ ឃុំគំរូ ស្រុកថ្មពួក មានរណ្តៅសាកសពចំនួន៤ ស្ថិតនៅក្នុងបរិវេណបន្ទាយកងពលលេខ៧ ដែលក្នុងនោះមានរណ្តៅចំនួន៣ដែលមិនទាន់បានគាស់។ ខេត្តសៀមរាប ទីតាំងសម្លាប់ព្រៃគ្រុយ មានរណ្តៅចំនួន៤។ រណ្តៅទាំង៤នេះ ក្នុងរបាយការណ៍ផែនទី ីរណ្តៅសាកសពមិនបានបញ្ជាក់ថា តើមានការគាស់កកាយហើយឬនៅទេ។ ប៉ុន្តែបន្ទាប់ពីឆ្នាំរំដោះភ្លាមៗ គេសង្កេតឃើញមានពំនូកខោអាវយ៉ាងច្រើនអនេកបានគរនៅក្បែររណ្តៅដែលកប់សាកសព។ សាក្សីរាយការណ៍ថា មុនពេលសម្លាប់ ជនរងគ្រោះត្រូវសម្រាតខោអាវចេញអស់។ ស្រុកប្រាសាទបាគង វត្តលលៃ គឺជាទីតាំងសម្លាប់ផង និងជាមន្ទីរសន្តិសុខផង។ នៅជុំវិញបរិវេណវត្តគឺ ជាទីតាំងសម្លាប់។ កាលពីឆ្នាំ១៩៩៧ គឺនៅពេលដែលក្រុមស្រាវជ្រាវទៅពិនិត្យ ទីតាំងនេះពុំទាន់មានការគាស់រណ្តៅឡើយ ហើយជាទីកន្លែងដែលមានព្រៃដុះច្រើន។ រណ្តៅដែលខ្មែរក្រហមបានជីកគឺ មានរាងជាប្រឡាយទឹក (ទទឹង​១,៥០ម៉ែត្រ បណ្តោយ​១២ម៉ែត្រ)។ វត្តលលៃ ស្ថិតនៅក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង។ ស្រុក ពួកទីតាំងសម្លាប់គោកតាម៉ែន។ សាក្សីបានបញ្ជាក់យ៉ាងច្បាស់ថា សាកសពនៅក្នុងប្រឡាយគោកតាម៉ែន គឺគ្មានបានគាស់យកអដ្ឋិធាតុទៅដាក់នៅទីណាទេ ហើយបច្ចុប្បន្នដីខ្សាច់បានហូរកប់ឆ្អឹងអស់។ គោកតាម៉ែនស្ថិតនៅក្នុងភូមិបឹងខ្នារ ឃុំខ្នាត។ គោកតាម៉ែន គឺជាបន្ទាយរបស់ទាហាន។ ឯប្រឡាយដែលយកធ្វើជាទីតាំងកប់សាកសព គឺជាលេណដ្ឋាន។ សាក្សី ជួ វ៉ាន អាយុ៤៧ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំខ្នាត មឿន ឈឿត អាយុ៤០ឆ្នាំ បច្ចុប្បន្នជំទប់លេខ៣ ឃុំខ្នាត ដឹប សួន អាយុ៤០ឆ្នាំ សព្វថ្ងៃនៅភូមិបឹងខ្នារ ឃុំខ្នាត។ កន្លែងសម្លាប់អណ្តូងទឹកតាម៉ន ស្ថិតនៅក្នុងភូមិទឹកថ្លា ឃុំបឹងខ្នាត និងមានចម្ងាយពីសាលាស្រុក២គីឡូម៉ែត្រ។ មានអណ្តូងទឹកមួយដែលខ្មែរក្រហមប្រើប្រាស់ជាកន្លែងកប់សាកសព មានទំហំមាត់លើ៣ម៉ែត្រ ជម្រៅ៦ម៉ែត្រ។ ខ្មែរក្រហមបានវាយអ្នកទោសទម្លាក់ចូលក្នុងអណ្តូងពេញ ហើយបច្ចុប្បន្នអណ្តូងនេះនៅពុំទាន់បានគាស់យកអដ្ឋិធាតុនៅឡើយ។ ទីតាំងសម្លាប់អណ្តូងទឹក គឺមានដើមស្វាយ២ដើម។ ជនរងគ្រោះដែលបានស្លាប់ក្នុងអណ្តូងនោះមានចំនួន៧០នាក់។ សាក្សី ហ៉ីង ប៉ឹង បានឲ្យដឹងថា ជាប្រធានការិយាល័យវប្បធម៌ស្រុកពួក ខេត្តសៀមរាប។ ខេត្តព្រៃវែង ស្រុកស៊ីធរកណ្តាល វត្តព្រៃស្វា នៅជុំវិញបរិវេណវត្តព្រៃស្វា ភូមិព្រៃស្វា ឃុំជ្រៃឃ្មុំ មានរណ្តៅសាកសពច្រើនណាស់។ ខាងលិចព្រះវិហារមាន៦០រណ្តៅ ដែលក្នុងមួយរណ្តៅៗមានទំហំ ២ម៉ែត្របួនជ្រុង និងជម្រៅ១,៥០ម៉ែត្រ។ ចំណែកខាងជើង និងខាងត្បូងក៏មានរណ្តៅសាកសពដែរ ប៉ុន្តែមិនបានរាប់ចំនួន។ ក្រៅពីបរិវេណខាងក្នុងវត្តនៅមានរណ្តៅធំជាងគេមួយទៀត។ សរុបជនរងគ្រោះដែលបានស្លាប់នៅនឹងទីតាំងសម្លាប់នេះ គឺមានចំនួនប្រហែល១៥០០នាក់។ ការសម្លាប់ខ្លាំងគឺ កើតឡើងនៅឆ្នាំ១៩៧៨។ សាក្សីឈ្មោះ ប៊ូ ឡោ និងសយ អឿន ពុំបានបញ្ជាក់ថាមានការគាស់រណ្តៅសាកសពទាំងនេះហើយ ឬនៅទេ។ ទីតាំងសម្លាប់ក្បែរវិទ្យាល័យព្រែកសណ្តែក មានអណ្តូងទឹកចំនួន៥ដែលត្រូវបានប្រើប្រាស់ជាទីតាំងសម្លាប់កាលពីជំនាន់ខ្មែរក្រហម។ រហូតមកដល់បច្ចុប្បន្ននេះអណ្តូងទាំង៥ត្រូវបានលុបដីពីលើទាំងអស់។ ប៉ុន្តែគ្មានព័ត៌មានណាមួយបញ្ជាក់ថា អណ្តូងទាំងនេះបានគាស់ហើយឬនៅទេ។ អណ្តូងទាំង៤នោះគឺ
ក) អណ្តូងទឹក នៅផ្ទះតាអុន
ខ) អណ្តូងទឹក ផ្ទះតាហ៊យ-ទា
គ) អណ្តូងទឹក ផ្ទះតាង៉ាន់ ឃ) អណ្តូងទឹក ផ្ទះតាហុង ង) អណ្តូងខាងលិចវិទ្យា
ល័យព្រែកសណ្តែក។ សាក្សី នាយកវិទ្យាល័យព្រែកសណ្តែកឈ្មោះ ហាក់ ស្រ៊ុន មឿង ហុង សេង ជាអតីតជងរងគ្រោះ។ វត្តព្រៃដើមថ្នឹងខាងជើង ស្ថិតនៅភូមិដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល។ ជនរងគ្រោះទាំងគ្រួសារៗ ត្រូវបានសម្លាប់នៅនឹងអណ្តូងទឹក១ និងរណ្តៅចំនួន៥ផ្សេងទៀត។ រណ្តៅទាំង៤នោះគឺ ១ ស្ថិតនៅខាងក្រៅវត្ត និង៣ទៀតស្ថិតនៅក្នុងបរិវេណវត្ត។ តាមរបាយការណ៍សាក្សីបានឲ្យដឹងថា រណ្តៅទាំងអស់មានផ្ទុកសាកសពពេញៗដល់មាត់រណ្តៅ ហើយពុំមាននរណាគាស់រកមាសដែរ។ សាក្សី យ៉ាន យាន រស់នៅភូមិដើមថ្នឹង ឃុំព្រៃដើមថ្នឹង ព្រះសង្ឃ គ្រួច គាវ នៅវត្តព្រៃដើមថ្នឹង។ វត្តព្រៃឈៀង មានរណ្តៅសាកសព៤០ និងអណ្តូងទឹកចំនួន១ ដែលស្ថិតនៅនឹងទីតាំងវត្តព្រៃឈៀង។ វត្តព្រៃឈៀង ស្ថិតនៅក្នុងភូមិព្រៃឈៀង ឃុំព្រៃឈឿង។ មានជងរងគ្រោះប្រមាណពី១១២០ ទៅ២៥០០នាក់ បានស្លាប់នៅនឹងទីតាំងនេះ។ ទំហំរណ្តៅគឺ៤ម៉ែត្រការេ ជម្រៅ២ម៉ែត្រ។ ពុំមានការបញ្ជាក់ណាមួយជុំវិញការគាស់រណ្តៅសាកសពនេះទេ។ ស្រុកមេសាង ទួលមេសាង ឬផ្សារមេសាង នៅប៉ែកខាងក្រោយផ្ទះរបស់ឈ្មោះ វុទ្ធី ស្ថិតនៅក្នុងភូមិទួលមេសាង ឃុំព្រៃរំដេង មានទីតាំងសម្លាប់មួយដែលមានតែមួយរណ្តៅគត់ (ទំហំរណ្តៅបណ្តោយ៨ម៉ែត្រ ទទឹង២ម៉ែត្រ និងជម្រៅ១,៥០ម៉ែត្រ) ហើយមានផ្ទុកសាកសាពពី១៥០នាក់ទៅ២៥០នាក់។ សាកសពគឺជាអតីតកងចល័ត កម្មការរោងចក្រកាត់ដេរ និងកម្មការចម្ការកៅស៊ូ។ រហូតមកដល់បច្ចុប្បន្ននេះ សាក្សីរាយការណ៍ថា មិនទាន់មាននរណាមកជីករណ្តៅនេះទេ។ សាក្សី ប៉ិន ឃឿន រស់នៅភូមិទួលមេសាង ឃុំព្រៃរំដេង មួន ស៊ន់ រស់នៅភូមិទួលមេសាង ឃំុព្រៃរំដេង។ ទួលជើងចាប មានទីតាំងស្ថិតនៅក្នុងឃុំព្រៃទទឹង ស្រុកមេសាង។ មានទីតាំងសម្លាប់ចំនួនបីកន្លែង ដែលស្ថិតនៅក្នុងទីតាំងសម្លាប់ទួលជើងចាប ក) អណ្តូងទឹកចំនួន២ ស្ថិតនៅខាងត្បូងផ្ទះរបស់ឈ្មោះ​ យ៉ែម ស៊ីម ទីតាំងនេះមានសាកសពប្រហែលពី១៣៨នាក់ទៅ១៥០នាក់ និងនៅមានស្លាកស្នាមនៅឡើយ ខ) ដំបូកដើមរការ មានអណ្តូងមួយដែលបានផ្ទុកសាកសព​ប្រមាណពី៨០នាក់ទៅ១២០នាក់ គ) ត្រពាំងចំបក់ ទីតាំងនេះមានដើមក្រសាំងមួយដើមសម្រាប់សម្គាល់។ មានរណ្តៅចំនួន៣ ដែលក្នុងនោះមានរណ្តៅតូចតែមួយទេគឺ ទំហំ២ម៉ែត្រការេ និងជម្រៅ២ម៉ែត្រ។ ស្រុកកំចាយមារ មានរណ្តៅសាកសពចំនួន២ ស្ថិតនៅក្បែរគុកតាសំ ក្នុងភូមិតាសំ ឃុំក្រញូង។ រណ្តៅសាកសពទាំងពីរនេះមិនទាន់មាននរណាគាស់ឡើយ ប៉ុន្តែជាទីកន្លែងដែលលិចទឹកនៅខែទឹកឡើង ហើយនៅជាវាលស្រែនៅរដូវទឹកសម្រក។ ស្រុកពារាំង មានរណ្តៅសាកសពចំនួន៨៣ នៅលើទួលស្លាំង នាឃុំព្រៃស្រឡិត ហើយដែលរណ្តៅទាំងនោះពុំទាន់បានគាស់ឡើយ សាក្សី ថោង ជ័យ មេឃុំព្រៃស្រឡិត ជុន សិត រស់នៅភូមិគ្រាំង ឃុំព្រៃស្រឡិត។ ខេត្តតាកែវ ស្រុកកោះអណ្តែត ទីតាំងព្រៃសុខុន ជាទីតាំងសម្លាប់មួយដែលមានសាកសពពី១២០០០នាក់ទៅ១៥០០០នាក់ ទំហំទីតាំងគឺ មានប្រវែង៤ហិចតា។ ជនរងគ្រោះមានលាយចម្រុះទាំងខ្មែរ និងកម្ពុជាក្រោម។ ពុំមានការបញ្ជាក់ពីការគាស់រកមាសឡើយ។ រណ្តៅធំៗចំនួន៤ បានត្រូវបង្ហាញថា មានទំហំ១០ម៉ែត្រការ៉េ និងជម្រៅ២ម៉ែត្រ។ សាក្សី ស៊ំុ ជុំ អាយុ៣៨ឆ្នាំ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុម ស្រុកកោះអណ្តែត អ៊ុន ហ៊ន រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត វង់ ហឿង រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត។ ស្រុកសំរោង វត្តស្រះក្រាំងបន្ទាយ (ភូមិពេជ្រឥន្ទ្រា ឃុំបឹងត្រាញ់) មានរណ្តៅប្រហែល១៣០រណ្តៅ ស្ថិតនៅជុំវិញបរិវេណវត្តស្រះក្រាំង បន្ទាយដែលជាកន្លែងសន្តិសុខរបស់ខ្មែរក្រហម។ យ៉ាងហោចណាស់មានសាកសពចំនួនពីរនាក់ដែលត្រូវបានកប់ក្នុងរណ្តៅមួយ។ ពុំមានព័ត៌មានណាមួយបញ្ជាក់ពីការជីកគាស់រណ្តៅទាំងនោះឡើយ។ ស្រុកត្រាំកក់ គុកព្រៃក្តួច (ភូមិព្រៃក្តួច ឃុំក្រញូង) ព្រៃក្តួច គឺជាមន្ទីរសន្តិសុខមួយយ៉ាងធំរបស់ខ្មែរក្រហម ដែលបានសម្រាំងយកតែជនរងគ្រោះណាដែលមានប្រវតិ្តរូបមិនល្អ ដូចក្នុងករណីអ្នកដែលមានជាប់ពាក់ពន្ធ័រឿងនិន្នាការនយោបាយ និងអ្នកដែលមានបងប្អូននៅភ្នំពេញជាដើម។ ការសម្លាប់បានកើតឡើងជាហូរហែរនៅនឹងទីតាំងនោះ។ មានអ្នកទោសមួយចំនួនត្រូវបានបញ្ជូនមកពីមន្ទីរសន្តិសុខភ្នំសន្លុង និងក្រាំងតាចាន់មកកាន់មន្ទីរសន្តិសុខដ៏ធំនេះ។ គ្មាននរណាម្នាក់បានដឹងថាមានការសម្លាប់មនុស្សនៅទីតាំងគុកព្រៃក្តួចឡើយ ប៉ុន្តែនៅក្រោយឆ្នាំ១៩៧៩ សាកសពយ៉ាងច្រើនត្រូវបានប្រទះឃើញនៅក្នុងរណ្តៅយ៉ាងច្រើនក្បែរជើងភ្នំ។ អ្នកស្រុកភូមិបានសន្និដ្ឋានទៅលើសាកសពទាំងនោះថា ទំនងជាត្រូវបានដុតទាំងរស់។ រហូតមកដល់សព្វថ្ងៃនេះ រណ្តៅសាកសពទាំងប៉ុន្មានដែលទ្រុឌទ្រោម ដោយការឡេះរលួយ បន្ទាប់ពីសាកសពហើមពោរពាសមក ត្រូវបានចាក់លុបដីភ្ជិតវិញ ដោយសារទឹកភ្លៀងច្រោះ ហើយរណ្តៅទាំងនោះពុំទាន់មាននរណាម្នាក់គាស់ឡើយ។ ការស្រាវជ្រាវត្រូវធ្វើឡើងនៅរដូវរាំងស្ងួត។ ចម្ងាយពីទីរួមខេត្តតាកែវ៦០គីឡូម៉ែត្រ។ សាក្សី មុត ហុន ប្រធានភូមិព្រៃក្តួច ឃុំក្រញូង។ ខេត្តពោធិ៍សាត់ ស្រុកបាកាន ទីតាំសម្លាប់ព្រៃភាគ ទីតាំងនេះមានទំហំដី២,៥០គីឡូម៉ែត្រការ៉េ មានរណ្តៅច្រើនណាស់ដែលមិនអាចរាប់បាន។ មានសាកសពពេញៗនៅគ្រប់រណ្តៅទាំងអស់។ តាមការមើលឃើញជាក់ស្តែងរបស់ក្រុមស្រាវជ្រាវទៅលើដីនៃបរិវេណទីតាំងសម្លាប់គឺ ឃើញមានឆ្អឹងខ្លះៗ និងក្រណាត់ខោអាវខ្លះនៅពាសពេញដី។ ទោះជាយ៉ាងនេះក៏ដោយ ក៏ពុំមានការបញ្ជាក់ណាមួយស្តីពីការគាស់រណ្តៅសាកសពនេះដែរ។ ស្រុកកណ្តៀង ទួលពោធិ៍ជ្រៃ ចម្ងាយ១៥គីឡូម៉ែត្រពីសាលាស្រុក។ ទួលពោធិ៍ជ្រៃគឺជាអតីតបន្ទាយទាហានរបស់ លន់ នល់ មានរណ្តៅច្រើននៅក្រុមដើមពោធិ៍ជ្រៃ ក្នុងភូមិព្រីងខ្ពស់ ឃុំស្រែស្តុក។ ស្រុកក្រគរ ទីតាំងសម្លាប់ទួលលៀប ស្ថិតនៅក្នុងភូមិទួលលៀប ឃុំបឹងកន្ទួត។ មានរណ្តៅពី៤០០-៥០០រណ្តៅ ដែលក្នុងមួយរណ្តៅអាចកប់សាកសពបាន៧នាក់។ ព្រៃទួលលៀប មានទំហំ២០០ម៉ែត្រទទឹង និងបណ្តោយ៣០០ម៉ែត្រ។ ពុំមានការបញ្ជាក់ណាមួយស្តីពីការគាស់រណ្តៅសាកសពឡើយ។ សាក្សី ញ៉ែម ឌុល ជាអតីតអ្នកកប់ខ្មោចទៅទួលលៀប។ សព្វថ្ងៃរស់នៅភូមិជ្រលុង ឃុំអន្លង់ត្នោត។ ទីតាំងសម្លាប់តាវិត មានរណ្តៅទី៥០-៦០រណ្តៅ។ ជនរងគ្រោះគឺជាប្រជាជនជម្លៀស ប្រជាជនចាស់ ចិន យួន និងចាម។ សរុបជនរងគ្រោះទាំងអស់ពី១០០-១៥០នាក់។ ពុំមានការនិយាយពីការគាស់រណ្តៅសាកសពឡើយ។ សាក្សី ញ៉ែម ឌុល ជាអតីតអ្នកកប់ខ្មោចទៅទួលលៀប។ សព្វថ្ងៃរស់នៅភូមិជ្រលុង ឃុំអន្លង់ត្នោត។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា