| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119626
D119626
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ស្តីពីការរកឃើញរណ្តៅកប់សាសពជនរងគ្រោះនៅក្នុងស្រុកឈូក ខេត្តកំពត។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសាខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០០៧
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam ០៥ ឧសភា ២០០៧ D119626
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
ខេត្ត កំពត
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារសរសេរដោយកុំព្យូទ័រ (Tx), ឯកសារចំនួន៥ទំព័រ
|
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
ដោយៈ ផេង ពង្សរ៉ាស៊ី
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
សាកសពជនរងគ្រោះសម័យខ្មែរក្រហមប្រមាណ៩០០០នាក់ ត្រូវបានរកឃើញនៅព្រៃអូរកំបុតត្រពាំងស្រងែ ក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ តាមរយៈការគាស់កកាយរណ្តៅសាកសពរបស់អ្នកភូមិស្រែលាវ។ ហេតុការណ៍គាស់កកាយផ្នូរទាំងនេះបានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០០៧ បន្ទាប់ពីប្រតិភូវៀតណាមមួយក្រុមក្រោកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្ត និងស្រុក បានមកគាស់រណ្តៅមួយក្នុងចំណោមរណ្តៅផ្សេងទៀត ដើម្បីស្រាវជ្រាវរកឆ្អឹង កងទ័ពវៀតណាមដែលបានពលីជីវិតនៅលើទឹកដីកម្ពុជា។ មួយថ្ងៃក្រោយមក ការជីកគាស់កាន់តែមានច្រើនថែមទៀត។ តាមកំណត់ហេតុរបស់លោកខឹម យូខឹន អាយុ៥៧ឆ្នាំ ជាជំទប់ទី១ឃុំត្រពាំងភ្លាំងបានឲ្យដឹងថា អ្នកភូមិស្រែលាវចំនួន១០នាក់ដែលបានគាស់កកាយរណ្តៅទាំងនេះ បានឃើញមាសសុទ្ធជាខ្សែក និងក្រវិលបានប្រហែលមួយដំឡឹងកន្លះ។ អ្នកភូមិទាំងនោះគឺ ផេង ជា ជីកបានខ្សែកមួយខ្សែទម្ងន់៦ជី ហែម មាន ជីកបានក្រវិលម្ខាងទម្ងន់៥ ហ៊ុន សឹម ណាង ជីកបានក្រវិលពីរគូរទម្ងន់១ជី ណាត់ អេង ជីកបានក្រវិល១គូរទម្ងន់១ជី ប្រាក់ សាម៉េត ជីកបានក្រវិល១គូរទម្ងន់១ជី តុប ទូច ជីកបានក្រវិល២គូរទម្ងន់២ជី កាន់ ផេង ជីកបានក្រវិលម្ខាងទម្ងន់៥ ហ៊ុន ពូ សេន ជីកបានក្រវិលម្ខាងទម្ងន់៥ ហ៊ុន ឌុក វ៉ិត ជីកបានក្រវិល២គូរទម្ងន់២ ជី និងពូ ផ្លូត ជីកបានក្រវិល ២គូរ ទម្ងន់២ ជី។ នេះជាលើកទី៣ហើយ នៃការរកឃើញទីតាំងសម្លាប់មនុស្ស និងផ្នូរកប់សាកសពកាលពីជំនាន់ខ្មែរក្រហមនៅខេត្តពីរផ្សេងគ្នាគឺ ខេត្តកំពង់ស្ពឺ និងខេត្តកំពត ចាប់តាំងពីអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជាបានដំណើរការនៅដើមឆ្នាំ២០០៦។ កាលពីដើមឆ្នាំ ២០០៦ ទីតាំងសម្លាប់មនុស្សរបស់ខ្មែរក្រហមនៅស្រុកភ្នំស្រួចឈ្មោះថា ព្រៃឈើនាង ត្រូវបានរកឃើញដោយសារក្មេងឃ្វាលគោ និងក្មេងរកអុសពីរបីនាក់ ដែលពេលនោះពួកវាបានរើសក្រវិលមាសមួយគូរចេញពីរណ្តៅដែលពួកវារត់ប្រដេញគ្នាលេង។ ចំណែកទីតាំងសម្លាប់ ព្រៃអូរដីបាក់ ដែលមានទីតាំងនៅក្បែរភ្នំវល្លិ៍ ក្នុងក្រុងកែប ក៏ត្រូវបានរកឃើញដែរនៅខែមិនា ឆ្នាំ២០០៧ ហើយនៅដើមខែឧសភាថ្មីៗនេះ ផ្នូរសាកសពប្រហែល២០០ទៀត ដែលស្ថិតនៅតំបន់ចុងក្រោយរបស់ខ្មែរក្រហមកោះស្លា ស្រុកឈូក ខេត្តកំពត ក៏ត្រូវបានរកឃើញដែរតាមរយៈនៃការកាប់គាស់រណ្តៅរកមាសដែលនៅជាប់នឹងរាងកាយសាកសព។ អ្នកភូមិស្រែវាលរាប់រយនាក់បានផ្អាកពីការងារប្រចាំថ្ងៃរបស់ខ្លួន ងាកមករកការងារជីកមាសចេញពីផ្នូរសាកសពជនរងគ្រោះសម័យខ្មែរក្រហម។ ទោះជាអ្នកភូមិភាគច្រើនមិនទទួលបានផលប្រយោជន៍ក៏ដោយ ក៏ការជីកនៅតែបន្ត។ កាលពីថ្ងៃទី៩ ឧសភា ២០០៧ ភ្លៀងធ្លាក់មួយមេធំបានធ្វើឲ្យអ្នកភូមិដែលកំពុងជីកកកាយមាស បង្ខំចិត្តវិលទៅផ្ទះរៀងៗខ្លួនជាបណ្ណោះអាសន្ន។ អ្នកភូមិម្នាក់អាយុប្រមាណ៣០ឆ្នាំ ដែលកំពុងលីចបដើរសំដៅទៅកាន់ទីតាំងគាស់កកាយនៅក្រោយពេលភ្លៀងបាននិយាយថា ខ្ញុំចេះតែព្យាយាមជីកទៅទៀត ក្រែងលោមានភ័ព្វសំណាងបានមាសនឹងគេ។ ទឹកភ្លៀងដក់ស្ទើរពេញរណ្តៅដែលគាស់ហើយទាំងអស់។ ក្រណាត់សំពត់ខោអាវ បានលេចឡើងនៅរាយប៉ាយពាសពេញមាត់រណ្តៅ និងត្រវហាក់ត្រូវលាងជម្រះដីដែលប្រឡាក់ដោយតំណក់ទឹកភ្លៀង ដែលធ្វើឲ្យយើងអាចមើលឃើញច្បាស់ថាជាក្រណាត់ខោអាវលាយចំរុះពណ៍គ្នា និងពុំមានទៀតឡើយនៅក្នុងសង្គមបច្ចុប្បន្ននេះ។ ឆ្អឹងមួយចំនួនតូចដែលនៅសេសសល់ពីការដាក់លុបដីទៅក្នុងរណ្តៅវិញ ត្រូវអ្នកភូមិលើកដាក់គរក្បែរគល់ដើមថ្លុងធំមួយ នៅចំកណ្តាលដីកប់សាកសព។ ស្រី ណែត អាយុ៥០ឆ្នាំ ជាអ្នកភូមិស្រែលាវដែលបានរើសឆ្អឹងសាកសពជនរងគ្រោះជាមួយអ្នកភូមិផ្សេងទៀត បាននិយាយថា គាត់បានចូលរួមគាស់រណ្តៅជាមួយអ្នកឯទៀតដែរ ប៉ុន្តែគាត់បានផ្អាកទៅវិញភ្លាមៗ ព្រោះគាត់គ្មានកម្លាំងគ្រប់គ្រាន់ឡើយ។ កាលពីជំនាន់ខ្មែរក្រហម ណែត គឺជាអ្នកកប់សាកសពសមាជិកក្រុមរបស់ខ្លួនដែលស្លាប់ដោយសារជំងឺគ្រុនចាញ់ និងអសន្នរោគ។ ណែត និយាយថា អ្នកស្លាប់ទាំងអស់សុទ្ធតែកងចល័ត អាយុក្រោម៣០ឆ្នាំដែលត្រូវអង្គការបញ្ជាឲ្យមកលើកទំនប់នៅកោះស្លាទាំងអស់។ សាកសពដែលស្លាប់នៅក្នុងមន្ទីរពេទ្យតំបន់៣៥ ត្រូវបានសែងយកទៅកប់នៅទីលានកប់សាកសពរួមមួយនៅលើដីទួល។ មន្ទីរពេទ្យតំបន់៣៥ មានទីតាំងស្ថិតនៅប្រហែល២០០ម៉ែត្រពីទំនប់ស្លា។ រហូតដល់បច្ចុប្បន្ននេះ ពុំមាននៅសេសសល់រូបរាង ឬស្លាកស្នាមមន្ទីរពេទ្យតំបន់៣៥ទៀតឡើយ។ ង៉ាយ យ៉ុង អាយុ៤៧ឆ្នាំ ជាប្រជាជនរស់នៅភូមិស្រកានាគ ឃុំតាកែន និងជាអតីតកងចល័តធ្លាប់ចូលរួមលើកទំនប់កោះស្លានិយាយថា អ្នកជំងឺដែលត្រូវនាំយកទៅព្យាបាលនៅមន្ទីរពេទ្យតំបន់៣៥ បានស្លាប់ពុំដែលឃើញត្រឡប់មកការដ្ឋានវិញឡើយ។ ណែត ប្រាប់ថា គាត់និងអ្នកផ្សេងទៀត បានទទួលបញ្ជាឲ្យសែងខ្មោចចេញពីមន្ទីរពេទ្យយកទៅកប់ចោលស្ទើរតែរាល់យប់។ ណែត មិនចាំចំនួនសាកសពដែលខ្លួនធ្លាប់បានកប់នៅជំនាន់ខ្មែរក្រហមទេ ជួនកាលគេប្រើខ្ញុំទៅកប់ខ្មោចទាំងកណ្តាលយប់ ជួនកាលម៉ោង២យប់ ប៉ុន្តែក្នុងមួយយប់ៗខ្ញុំមិនដែលកប់ខ្មោចលើសពី៦នាក់ទេ ហើយក៏មិនក្រោម២នាក់ដែរ។ រយៈពេល៣០ឆ្នាំកន្លងផុតទៅ រណ្តៅទាំងប៉ុន្មាននៅក្នុងទីតាំងអូរកំបុតត្រពាំងស្រងែទើបត្រូវរកឃើញ ហើយអតីតកងចល័តដែលធ្លាប់ចូលរួមលើកទំនប់កោះស្លាក៏ហាក់ដូចជានឹកឃើញឡើងវិញនូវរឿងរ៉ាវដែលខ្លួនបានបម្រើឲ្យរបបខ្មែរក្រហម។ លោកមេឃុំ សួស ភន បានត្អូញត្អែរថា ការគាស់កកាយរបៀននេះគឺជាការរំខានដល់ព្រលឹងសពដែលបានស្លាប់ទៅ។ លោក ខឹម យូខឹន អាយុ៥៧ឆ្នាំ ជាជំទប់ទី១ឃុំត្រពាំងភ្លាំង បានសម្តែងការសោកស្តាយថា '' ពុំគួរអ្នកភូមិនាំគ្នាទៅជីកគាស់កកាយរណ្តៅបែបនេះសោះ។ ដោយសារភាពក្រីក្រ អ្នកភូមិភាគច្រើនពុំទទួលយកបំរាមដែលបានដាក់ឡើយ។ ផ្នូរសាកសពជាច្រើនទៀតនៅទទួលរងការគាស់បំផ្លាញ។ ស្វាយ សារឿន អាយុ៥០ឆ្នាំ ជាជំទប់ទី២ឃុំត្រពាំងភ្លាំង បានធ្វើដំណើរទៅកាន់ទីកន្លែងកើតហេតុដោយផ្ទាល់ ហើយបានហាមអ្នកភូមិមិនឲ្យជីកតទៀត ប៉ុន្តែនៅតែមិនអាចហាមបាន។ សារឿន ធ្លាប់បានឃើញកន្លែងកប់ខ្មោចជំនាន់ខ្មែរក្រហមនេះតាំងពីខែកញ្ញា ឆ្នាំ១៩៧៩មកម៉្លេះ គឺនៅពេលដែលគាត់ដើរឆ្លងកាត់ទីនេះ ដើម្បីនេសាទត្រីនៅក្បែរៗទំបន់កោះស្លា។ សារឿន បានរាប់ចំនួនផ្នូរសាកសពទាំងនោះថា មាន៧០ ជួរជាប់ៗគ្នា ហើយក្នុងមួយជួរមាន ១៣០រណ្តៅ។ សារឿន បន្តថា ផ្នូរខ្លះមានស្លាកឈ្មោះចំណាំផងដែរ។ រយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅ ផ្នូរសាកសពទាំងប៉ុន្មានត្រូវដើមឈើតូចធំជាច្រើនដុះពីលើ មើលទៅមិនដឹងថាជាកន្លែងកប់សពជំនាន់ខ្មែរក្រហមឡើយ។ សោ សុន អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ហើយបានមកស្នាក់នៅក្បែរសាកសពនេះអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ នៅតែមិនដឹងថាទីនេះជាកន្លែងកប់ខ្មោចយ៉ាងច្រើនបែបនេះ។ សុន និយាយថា '' ជួនកាលខ្ញុំឭសូរសម្លេងជជែកគ្នាពេញព្រៃ និងជួនកាលខ្ញុំឮសន្ធឹកបររទេះគោកាត់មុខផ្ទះខ្ញុំ ហើយចូលដល់ព្រៃកន្លែងនេះ ស្រាប់តែបាត់ឈឹង ''។ ទោះជាដឹងច្បាស់ហើយក៏ដោយថាជាកន្លែងកប់សាកសពរាប់ពាន់នាក់ សុន នៅព្យាយាមជីករកមាសបន្តទៀត ហើយផ្ទះរបស់គាត់ក៏មិនត្រូវរុះរើទៅកាន់កន្លែងផ្សេងដែរ។ នៅថ្ងៃ១៣ ខែឧសភា ឆ្នាំ២០០៧ គឺ រយៈពេលមួយសប្តាហ៍ក្រោយការជីកគាស់រណ្តៅសាកសពទាំងនោះ ពិធីបុណ្យមួយបានប្រារព្ធធ្វើឡើងក្រោមរូបភាពរៃអង្គ្រាសថវិកាពីអ្នកភូមិដែលជីកបានមាសទាំងប៉ុន្មាននាក់។ នៅនឹងកន្លែងជីកតែម្តងដើម្បីបួងសួងឲ្យវិញ្ញាណក្ខ័ន្តសាកសពទាំងអស់បានឆាប់ទៅកាន់សុគតិភព និងចាប់ជាតិជាថ្មី ព្រមទាំងបួងសួងកុំឲ្យកើតមានរឿងហេតុចម្លែកផ្សេងៗក្នុងភូមិតទៅទៀត។ ដំបូងឡើយប្រជាជនមកពីឃុំតាកែន និងឃុំល្បើក ស្រុកឈូក ជាអ្នកកសាងទំនប់នេះមុនគេ (ទំនប់កោះស្លា) ដោយចាប់ផ្តើមពីចំណុចអូរកំបុតត្រពាំងស្រងែ ឆ្ពោះមកកាន់ចំណុចកោះស្លា។ លុះដល់ឆ្នាំ ១៩៧៣ ដោយសារទំនប់នេះមានទំហំធំនិងបណ្តោយវែង អង្គការខ្មែរក្រហមបានជម្លៀសប្រជាជនមួយចំនួនពីស្រុកផ្សេងៗក្នុងខេត្តកំពត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យមកជួយលើកបន្ថែមទៀត។ នៅក្រោយថ្ងៃជ័យជំនះ១៧មេសា ឆ្នាំ១៩៧៥ ទំនប់នេះក៏នៅមិនទាន់ធ្វើរួចនៅឡើយ។ លោកមេឃុំ សួស ភន ប្រាប់ថា ក្នុងពេលលើកទំនប់នេះ ផលវិបាកជាច្រើនបានធ្លាក់មកលើកងចល័តទាំងអស់ ដូចជា ការហូបចុកមិនគ្រប់គ្រាន់ ជួបប្រទះនឹងជំងឺគ្រុនចាញ់ ជំងឺអសន្នរោគ បាក់ទំនប់សង្កត់ និងពស់ចឹក។ កងចល័តភាគច្រើនបានធ្លាក់ខ្លួនឈឺ និងស្លាប់ជាបន្តបន្ទាប់។ ដោយឃើញសភាពបែបនេះ គណតំបន់៣៥បានបង្កើតមន្ទីរពេទ្យមួយដោយដាក់ឈ្មោះថា '' មន្ទីរពេទ្យតំបន់៣៥ '' សម្រាប់ព្យាបាលជំងឺឲ្យកងចល័តដែលមានជំងឺមិនអាចធ្វើការបាន។ អ្នកជំងឺអសន្នរោគ និងគ្រុនចាញ់ជាច្រើននាក់ បានត្រូវសែងចូលព្យាបាលក្នុងមន្ទីរពេទ្យជារៀងរាល់ថ្ងៃ ហើយអ្នកទាំងនោះមិនដែលឃើញវិលត្រឡប់ទៅកាន់ការដ្ឋានរបស់ខ្លួនវិញឡើយ។ នៅចុងឆ្នាំ១៩៧៦ ទំនប់កោះស្លាទាំងមូលមិនទាន់ត្រូវបានធ្វើចប់រួចរាល់នៅឡើយ ហើយអង្គការតម្រូវឲ្យធ្វើបន្តដល់ឆ្នាំ១៩៧៧ទៀត។ លោកមេឃុំនិយាយថា កងចល័តរាប់ពាន់នាក់បានស្លាប់ដោយសារជំងឺគ្រុនចាញ់ និងអសន្នរោគក្នុងចន្លោះឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៥។ មកដល់ឆ្នាំ១៩៧៧ អង្គការបានរំសាយមន្ទីរពេទ្យតំបន់៣៥ ចោលហើយបានជ្រើសរើសយុវជនមួយចំនួនដែលសេសសល់ពីការស្លាប់ ឲ្យចូលបម្រើក្នុងជួរទ័ពដើម្បីការពារព្រំដែន។ ចំណែកយុវនារី ក៏ត្រូវបានជ្រើសរើសដូចគ្នាឲ្យទៅធ្វើការជានារីស្រែអំបិល និងក្រោយមកត្រូវ បានជ្រើសរើសបន្តឲ្យមកធ្វើការនៅភ្នំពេញទៀត។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”